Title: កំណើត និងកុមារភា ព
Tags:
Blog Entry: ខ្ញុំគឺជាកូនប្រុសម្នាក់ ស្ថិតនៅក្នុងក្នុងក្រុមគ្រួសារមួយដែលមានបងប្អូនប្រាំមួយនាក់ ដែលមានឳពុកជាគ្រូបង្រៀននិងម្តាយជាកសិករ។ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ដ៏ខ្មៅងងឹតដែលដឹកនាំដោយខ្មៃរក្រហមបានដួលរលំនាថ្ងៃ ទី៧ ខែ មករា ឆ្នាំ ១៩៧៩។ តំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជា មិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ ជាពិសេសតំបន់ស្ថិតនៅតាមព្រំប្រទល់ជាប់នឹងប្រទេសជិតខាង។ ថ្មពួក គឺជាស្រុកតូចមួយដាច់ស្រយ៉ាល មានចម្ងាយប្រមាណ៤០០គីឡូម៉ែត ពីទីក្រុងភ្នំពេញនិងមានសណ្ឋានដីខ្ពស់សំបូរទៅដោយភ្នំដ៏ច្រើនហើយពេញដោយព្រៃឈើយ៉ាងក្រាស់ ជាពិសេសភ្នំដងរែកដ៏វែងអន្លាយដែលប្រៀបបានទៅនឹងខណ្ឌសីមារវាងកម្ពុជានិងថៃ។ ស្រុកដ៏តូចមួយនេះ គឺជាសមរភូមិដ៏ក្តៅគគុគនៃសង្រាមស៊ីវិល កម្ពុជា បន្ទាប់ពីរបបប្រល័យពូជសាសន៍បានដួលរលំ។ នៅដើមឆ្នាំ ១៩៨៦ ទឺកដីដ៏កម្សត់មួយនេះបានផ្តល់កំណើតឲ្យខ្ញុំ។ ពាក្យថា៖ “ក្មេងសម័យគ្រាប់ផ្លោង” ត្រូវបានចាស់ៗនៅក្នុងទឹកដីនេះហៅសម្រាប់ក្មេងៗ ដែលកើត កំលុងពេលនោះ។ មូលហេតុបានជាគាត់ហៅយ៉ាងដូច្នោះ ពីព្រោះសម័យនោះ ទឹកដី ដ៏កំសត់មួយនេះបានរងនូវគ្រាប់កាំភ្លើងធំផ្លោងទម្លាក់ស្ទើតែរៀងរាល់ថ្ងៃ។ ដោយសាសង្រ្គាម បានធ្វើឲ្យកុមារភាពរបស់ខ្ញុំខុសពីកុមារភាពរបស់កុមារផ្សេងដទៃ ទៀត។ ខ្ញុំជាទារកនិងជាកុមារម្នាក់ដែលខ្វះអាហារូបត្ថម្ភ ដែលមានស្បែកដណ្តប់ឆ្អឹង និងមិនមានកំលាំងពលំនៅក្នុងខ្លួន។ ខ្ញុំមិនអាចដើរឬវាដូចកុមារដទៃឡើយ។ ខ្ញុំអាច បំលាស់ទីទៅកន្លែងផ្សេងៗដោយប្រើគូថរបស់ខ្ញុំ ដែលពាក្យខ្មែរជាទូទៅហៅថា អង្កិល។ ហេតុនេះហើយបានជាខ្ញុំត្រូវបានដាក់ឈ្មោះថា កិល ។ ហើយអ្វីដែលខ្ញុំបានទទួល សម្រាប់ការកំសាន្តរបស់ខ្ញុំគឺ ការស្តាប់សូរកាំភ្លើងស្ទើតែរៀងរាល់ថ្ងៃនិងការរស់នៅក្នុង លេណដ្ឋានជាមួយក្រុមគ្រួសារនិងអ្នកជិតខាង។ ឆ្នាំ ១៩៨៩ ក្រុមគ្រួសាររបស់ខ្ញុំបានសម្រេចចិត្តចាកចេញពីទឹកដីដ៏កម្សត់ដែលពោពេញទៅដោយអនុស្សាវរីយ៍ដ៏ជូចត់ ឆ្ពោះតម្រង់ទៅស្រុកកំណើតរបស់ឪពុកខ្ញុំ ដើម្បីគេច ចេញពីសង្រ្គាម។ ហើយខ្ញុំបានចម្រើនឡើងនៅទីនោះជាមួយនឹងសាច់ញាតិខាងឪពុក របស់ខ្ញុំ។ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពនាទីក្រុងប៉ារីសប្រទេសបារាំងនាថ្ងៃទី២១ ខែ តុលា ឆ្នាំ ១៩៩១។ ក្រុមគ្រួសាររបស់ខ្ញុំបានសម្រេចចិត្តសារជាថ្មីវិលមករកទឹកដីដ៏កម្សត់ដែល ពោពេញទៅដោយអនុស្សាវរីយ៍ដ៏ជូចត់ ជាមួយនូវសេចក្តីសង្ឃឹមថ្មី។ នៅឆ្នាំដដែលនោះ ខ្ញុំបានទៅលេងជំរុំជនភៀសខ្លួននៅជាយដែន(ជំរុំសាយធូ) ជាមួយយាយរបស់ខ្ញុំរយៈ ពេលមួយសប្តាហ៍ ដើម្បីសួរសុខទុក្ខមីងរបស់ខ្ញុំដែលរស់នៅទីនោះ។ ហើយជាមួយ សេចក្តីសង្ឃឹមថ្មី ឪពុករបស់ខ្ញុំគាត់បានបន្តអាជីពរបស់គាត់ជាគ្រូបង្រៀន ម្តាយខ្ញុំគាត់ជា កសិករដដែល រីឯខ្ញុំឪពុកម្តាយរបស់ខ្ញុំសម្រេចចិត្តបញ្ជូនឲ្យចូលរៀនសាលាមតេយ្យ ក្នុងឆ្នាំដដែលនោះដែរ។
VIEW FULL VERSION: Link